ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវដល់សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន មុនធ្វើការសម្រេចចិត្តទិញលំនៅដ្ឋាន ឬការទិញដីឡូត៍ក្នុងគោលបំណងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាចប្រពឹត្តទៅដោយសុវត្ថិភាព និងអាចជៀសវាងហានិភ័យជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច។
*ព័ត៌មានសំខាន់ៗមួយចំនួនមុន ធ្វើការសម្រេចចិត្តទិញលំនៅដ្ឋានឬការទិញដីឡូត៍មានដូចខាងក្រោម៖
ក) ព័ត៌មានសម្រាប់ការទិញដីឡូត៍
១- ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍លក់ ឬ ជារបស់អ្នកផ្សេង។
២- វិញ្ញាបនប័ត្រសម្គាល់អចលនទ្រព្យ (មានជាប់បន្ទុក ឬអត់)
៣- លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុងប្រកាសលេខ០៨៧ ដ.ន.ស ប្រក/និក. ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
៤- ឯកសារបង់ពន្ធអចលនវត្ថុ
៥- បណ្ណបំបែកក្បាលដី
៦- ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
ខ) ព័ត៌មានសម្រាប់ការទិញលំនៅឋាន
១- លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឬសាលារាជធានីភ្នំពេញ)
២- វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុទ្រព្យ (មានជាប់បន្ទុក ឬអត់)
៣- អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
៤- ឯកសារបង់ពន្ធអចលនវត្ថុ
៥- បណ្ណបំបែកក្បាលដី
៦- ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញសេចក្តីជូនដំណឹងមួយ ដែលអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញអចលនទ្រព្យដែលគ្មានអាជ្ញាប័ណ្ណ ហើយត្រូវបានផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម Facebook នឹងតាមព័ត៌មានផ្សេងៗ៕
Comments
Post a Comment