ភ្នំពេញ៖ នាដើមទសវត្ស៍ ១៩០០ ជាសម័យកាល ដែលមានការផ្ទុះឡើង និងមានភាពច្របូក ច្របល់ច្រើននូវសកលឧស្សាហូបនិយកម្ម និងជាពេលដែលមនោគមវិជ្ជារ៉ាឌីកាល់បានរីក រាលដាល នាំឱ្យមានការតវ៉ា និងចលនាជាច្រើន ដើម្បីទាមទារសិទ្ធិផ្សេងៗរបស់ស្ត្រីរួមទាំង តម្លៃពលកម្ម និងលក្ខន្តិកៈការងារប្រសើរជាងមុន រហូតដល់ឆ្នាំ ១៩៧៥ ទើបទិវានារីអន្តរជាតិ មានលក្ខណៈពេញរូបពេញរាងទូទាំងពិភពលោក ។
នៅឆ្នាំ១៩០៨ មានការពិភាក្សាយ៉ាងរំជើបរំជួល បានកើតឡើងក្នុងចំណោមពួកស្ត្រី ។ ការគាប សង្កត់ និងភាពមិនស្មើភាពគ្នារបស់ស្ត្រី និងបុរសបានជំរុញឱ្យពួកស្ត្រីមានការតស៊ូមតិច្រើនឡើងៗ និងរិតតែសកម្មឡើងៗក្នុងការទាមទារឱ្យមានការផ្លាស់ប្តូរ ។ នៅក្នុងឆ្នាំ១៩០៨ ដដែលនោះ មានស្ត្រី ១៥.០០០ នាក់ បានដើរជាក្បួនដង្ហែពាសពេញទីក្រុងញូវយ៉កទាមទារឱ្យម៉ោងធ្វើការរបស់ ស្ត្រីកាន់តែតិច ទទួលបានប្រាក់ឈ្នួលប្រសើរជាងមុន និងឱ្យស្ត្រីមានសិទ្ធិបោះឆ្នោត ។
នៅឆ្នាំ១៩០៩ ស្របជាមួយនឹងសេចក្តីប្រកាសរបស់គណបក្សសង្គមនិយមអាមេរិក ទិវាស្ត្រីជាតិ លើកទី១ ត្រូវបានប្រារព្ធទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកុម្ភៈ ។ ពួកស្ត្រីបានបន្តប្រារព្ធទិវាស្ត្រី ជាតិនេះ នៅថ្ងៃអាទិត្យចុងក្រោយបំផុត នៃខែកុម្ភៈ រហូតដល់ឆ្នាំ១៩១៣ ។
នៅឆ្នាំ១៩១០ សន្និសីទអន្តរជាតិ នៃស្ត្រីកំពុងធ្វើការ ត្រូវបានប្រារព្ធទីក្រុងខូប៉ិនហាហ្កិននៃប្រទេស ដាណឺម៉ាក ។ ឱកាសនោះ ស្ត្រីម្នាក់ឈ្មោះ ក្លារ៉ា ហ្សេតគីន ជាប្រធានការិយាល័យស្ត្រីនៃគណបក្ស សង្គមប្រជាធិបតេយ្យនៃប្រទេសអាល្លឺម៉ង់ បានលើកប្រធានបទដាក់លើតុពិភាក្សា អំពីគំនិតមួយ គឺ “ ទិវាស្ត្រីអន្តរជាតិ “ ។
ស្ត្រីរូបនេះ បានស្នើសុំថា នៅរៀងរាល់ឆ្នាំ នៅគ្រប់ប្រទេស គួរតែប្រារព្ធទិវាស្ត្រី នៅថ្ងៃដូចៗគ្នា ដើម្បីបង្ហាញនូវឆន្ទៈដូចគ្នា នៃការទាមទាររបស់ពួកស្ត្រី។ សន្និសីទដែលមានស្ត្រីជាង ១០០ នាក់ ជាតំណាងសហជីព, គណបក្សសង្គមនិយម , ក្លិបស្ត្រី និងរួមទាំងស្ត្រីបីរូបដំបូង ដែលបាន ជាប់ឆ្នោត ជាសមាជិកសភាហ្វាំងឡង់ដ៍ផង បានព្រមព្រៀងអនុម័តគំនិតរបស់អ្នកស្រី ហ្សេតគីន ជាឯកច្ឆន្ទ ។
ឆ្នាំ១៩១១ បន្ទាប់ពីមានការសម្រេចចិត្ត នៅទីក្រុង ខូប៉ិនហាហ្កិន នោះមក ទិវាស្ត្រីអន្តរជាតិ ក៏ត្រូវបានគេប្រារព្ធធ្វើ នៅថ្ងៃទី១៩ ខែមីនា នៅប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងប្រទេសស្វីស ។
មានស្ត្រី និងបុរសជាងមួយលាននាក់ បានចូលរួមប្រមូលផ្តុំក្នុងយុទ្ធនាការទិវានារីអន្តរជាតិ ទាមទារឱ្យស្ត្រីមានសិទ្ធិធ្វើការ សិទ្ធិបោះឆ្នោត សិទ្ធិទទួលបានការបណ្តុះបណ្តាល សិទ្ធិកាន់កាប់មុខងារសាធារណៈ និងបញ្ចប់នូវការរើសអើងចំពោះស្ត្រី ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំដដែលនោះ មានស្ត្រី ១៤០ នាក់ នៅអាមេរិក ភាគច្រើន ជាជនអន្តោ ប្រវេសន៍អ៊ីតាលី និងជ្វីស បានស្លាប់ដោយសារអគ្គិភ័យ។ ព្រឹត្តិការណ៍ដ៏សោកសៅនោះបានទាក់ ទាញការយកចិត្តទុកដាក់បន្ថែមទៀត ដល់លក្ខន្តិកៈការងារ និងច្បាប់ការងារនៅអាមេរិក ។ នៅឆ្នាំ១៩១១ នោះ ក៏ត្រូវបានគេប្រទះឃើញនូវយុទ្ធនាការរបស់នារី ដែលមានឈ្មោះថា “ នំប៉័ង និង កូឡាប “ ផងដែរ ។
ទិវាស្ត្រីអន្តរជាតិថ្ងៃ ទី ៨ ខែមីនា
នៅឆ្នាំ១៩១៣ បន្ទាប់ពីបានពិភាក្សារួច ស្ត្រីជនជាតិរុស្ស៊ី បានប្រារព្ធទិវានារីអន្តរជាតិ នៅថ្ងៃទី៨ ខែមីនា ជាលើកដំបូងគេ ក្នុងលោក ហើយក៏បានក្លាយជាទិវានារីអន្តរជាតិទូទាំងពិភពលោក រហូតមក ដល់បច្ចុប្បន្ន។
នៅឆ្នាំ១៩១៣ បន្ទាប់ពីបានពិភាក្សារួច ស្ត្រីជនជាតិរុស្ស៊ី បានប្រារព្ធទិវានារីអន្តរជាតិ នៅថ្ងៃទី៨ ខែមីនា ជាលើកដំបូងគេ ក្នុងលោក ហើយក៏បានក្លាយជាទិវានារីអន្តរជាតិទូទាំងពិភពលោក រហូតមក ដល់បច្ចុប្បន្ន។
ចាប់ពីឆ្នាំ១៩១៨ មក ទិវានារីអន្តរជាតិ ត្រូវបានទទួលស្គាល់ និងប្រារព្ធធ្វើច្រើនឡើងៗនៅក្នុង បណ្តាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ អង្គការសហប្រជាជាតិក៏តែងតែរៀបចំ សន្និសីទជាច្រើន ក្នុងកិច្ចព្យាយាមជម្រុញឱ្យស្ត្រី មានសិទ្ធិស្មើនឹងបុរស និងដើម្បីផ្តល់ឱកាសឱ្យស្ត្រី ចូលរួមក្នុងសង្គម ឆាកនយោបាយ និងសេដ្ឋកិច្ច រហូតដល់ឆ្នាំ១៩៧៥ ត្រូវបានប្រកាសថា ជាឆ្នាំ នៃនារីអន្តរជាតិ ។
នៅកម្ពុជា រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក៏តែងតែបានប្រារព្ធទិវានារីអន្តរជាតិ យ៉ាងផុលផុសណាស់ដែរ ៕
Comments
Post a Comment